រ៉េត សារីតា បង្ហោះសាររៀបរាប់យ៉ាងចាក់ដោត ក្រោយក្លាយជាទូតសុឆន្ទៈបាន ១០ ថ្ងៃ

169

ភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងមក ក្រោយពីបានបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ គេកត់សម្គាល់ឃើញ បវរកញ្ញាចក្រវាលកម្ពុជា ២០២០ កញ្ញា រ៉េត សារីតា ក្ដោបបានការងារធំៗផ្សេងៗជាច្រើន ។ដោយឡែក កាលពីថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ កន្លងមក ដោយសមត្ថភាពពោរពេញដោយភាពជឿជាក់យ៉ាងមោះមុតរបស់បវរកញ្ញារូបនេះ រ៉េត សារីតា ក៏ទទួលបាននូវតួនាទីយ៉ាងធំមួយទៀត

ដោយបានចុះហត្ថលេខាក្លាយជាទូតសុឆន្ទៈរបស់ក្រសួងកិច្ចការនារី នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងចូលរួមលើកកម្ពស់សមភាពយេនឌ័រ និង បង្កើនភាពអង់អាចដល់ស្ត្រី និង ក្មេងស្រី ។យ៉ាងណាមិញ ក្រោយពីបានចុះហត្ថលេខាប្រមាណជា ១០ ថ្ងៃ មកហើយនោះ បើតាមផេកផ្លូវការរបស់ក្រសួងកិច្ចការនារី កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២១ កន្លងមក បានបង្ហោះនូវសារដ៏មានន័យរបស់កញ្ញា រ៉េត សារីតា នូវការប្តេជ្ញាដ៏មុះមុតរបស់នាងក្រោយពីបានទទួលតំណែងជាទូតសុឆន្ទៈថា

«នាងខ្ញុំនឹងបំពេញតួនាទីនេះឱ្យបានល្អបំផុតដើម្បីតំណាងភាពអង់អាចរបស់ស្រ្តី និង ជាគំរូសម្រាប់ស្រ្តី និង ក្មេងស្រីកម្ពុជា ក្នុងការចូលរួមលើកកម្ពស់សីលធម៌សង្គម និង សុខុមាលភាព ព្រមទាំងកាត់បន្ថយភាពងាយរងគ្រោះរបស់អ្នកទាំងនោះ» ។សារបេ្តជ្ញានោះដែរ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្រ MUC 2020 រូបនេះ អបអរសាទរ និង កាន់តែជឿជាក់ដល់រូបនាង ថា រ៉េត សារីតា នឹងអាចបំពេញតួនាទីដ៏ធំនេះតំណាងឱ្យស្ត្រីដ៏អស្ចារ្យរបស់កម្ពុជាជាក់ជាមិនខាន៕