ហួសថ្លែង! ស្តាយលុយលាងឡានត្រឹម ៣ដុល្លារ អ្នកមានជាន់ថ្មីលេងសុទ្ធតែ

133

ចិន ៖ ប្រិយមិត្តជាច្រើនហួសចិត្តជាទីបំផុត ដែលបុរសជនជាតិចិនម្នាក់ សន្សំសំចៃលុយហូសហេតុ រហូតដល់ថ្នាក់សូម្បីតែលុយលាងឡានក៏មិនហ៊ានចំណាយ ទីបំផុតក៏សម្រេចចិត្តធ្វើរឿងមួយ តែចុងក្រោយបែរជាអាសន្នធំលើសដើម និងខ្មាសគេមិនស្ទើរ។ បើយោងតាមការចុះផ្សាយពីសារព័ត៌មានចិន សៀងហៃអ៊ីស បានឲ្យដឹងថា បុរសជនជាតិចិនមិនបញ្ចេញឈ្មោះម្នាក់ មកពីទីក្រុង Chengdu ខេត្តស៊ីឈួន បានសម្រេចិត្តលាងរថយន្តទំនើបរបស់ខ្លួនតាមបែបធម្មជាតិ

ពោលគឺរូបគាត់បានបើករថយន្តចូលក្នុងទន្លេ ត្រឹមទឹករាក់ៗ ដើម្បីលាងសម្អាតវាដោយខ្លួន។ ប៉ុន្តែជារឿងដ៏ស៊យធំ បានកើតឡើងភ្លាមៗ បន្ទាប់ពីទំនប់ទឹកនៅខាងលើត្រូវបានគេបើកបញ្ចេញទឹក បណ្តាលឲ្យទឹកហូរជន់ខ្លាំង លិចលង់រថយន្តរបស់គាត់ស្ទើរតែទាំងស្រុងតែម្តង។ បុរសសន្សំសំចៃខ្ពស់ ស្តាយលុយលាងឡានរូបនេះ ត្រូវបានគេរាយការណ៍ថា

បានសម្ដែងការមិនសប្បាយចិត្តជាខ្លាំងនូវអ្វីដែលបានកើតឡើង ខណៈដែលរថយន្តទំនើប Land Rover តម្លៃ១លានយ័ន (ឬប្រហែលជាង ១៤ម៉ឺនដុល្លារអាមេរិក) របស់គាត់ បានរងការខូចខាតជាដំណំ។ហើយភ្លាមៗក្រោយកើតហេតុ គាត់ក៏បានទូរស័ព្ទសុំជំនួយ ពីក្រុមភ្នាក់ងារសង្គ្រោះបន្ទាន់ ដើម្បីចុះមកជួយធ្វើអន្តរាគមន៍ផងដែរ៕ប្រភព៖ ហ្វេសប៊ុក