អាយុ ៩១ ឆ្នាំទៅហើយតែប៉ូលីសម្នាក់នេះនៅតែមិនទាន់ចង់ចូលនិវត្ដន៍ទៀត (មានវីដេអូ)

347

សហរដ្ឋអាមេរិក ៖ ជាការពិតណាស់ដែលលោក LC Smith អាយុ៩១ឆ្នាំ ដែលគេស្គាល់ថា Buckshot គឺជាមន្ដ្រីប៉ូលិសមានវ័យចាស់ជាងគេនៅលើពិភពលោក ប៉ុន្ដែមិនទាន់មានគម្រោងចូលនិវត្ដន៍នៅឡើយទេ។ ទោះបីពេលបច្ចុប្បន្ន លោកមិនអាចបំពេញការងារឲ្យរហ័សរហួនដូចពីមុនក៏ពិតមែន តែវាមិនមែនជាឧបសគ្គរាំងស្ទះរូបលោក ក្នុងការដើរល្បាតនៅតាមដងផ្លូវនៃទីក្រុង Camden រដ្ឋ Arkansas សហរដ្ឋអាមេរិក ដែលជាទឹកដីកំណើតឡើយ។ជាក់ស្ដែងតាមពិតទៅ លោក Smith ធ្លាប់បានចូលនិវត្ដន៍ម្ដងរួចមកហើយ ក្រោយចំណាយពេលបម្រើការងារអស់រយៈពេល៤៦ឆ្នាំ តែលោកហាក់ទៅណាមិនឆ្ងាយពីការងារមួយនេះឡើយ ដូច្នេះនៅអាយុខ្ទង់៨០ឆ្នាំ លោកបានត្រឡប់មកបម្រើការងារសាជាថ្មី ជាប៉ូលិសចំណូលថ្មី។ ​​​​លោកចូលចិត្ដធ្វើការបម្រើសហគមន៍ ហើយនិយាយថាខ្លួនមានគម្រោងចូលនិវត្ដន៍ នៅពេលព្រះជាម្ចាស់ប្រាប់លោក។

ចាប់តាំងពីចូលបម្រើការងារសាជាថ្មីក្នុងឆ្នាំ ២០១១មក លោក Smith មិនដែលគិតថាចង់ឈប់វិញទេ ហើយក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ លោកពេញចិត្ដនឹងបម្រើការជូនប្រជាជនណាស់ ហើយពួកគេក៏ស្រលាញ់ចូលចិត្ដលោកផងដែរ។ ប៉ូលិសវ័យចំណាស់រូបនេះ បម្រើការចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង ៣រសៀល រយៈពេល៤ថ្ងៃ ក្នុងមួយសប្ដាហ៍ ដោយដើរល្បាតក្នុងសហគមន៍ ដូចជានៅតាមស្ដុបចរាចរណ៍

តំបន់សាលារៀន និងកម្មវិធីផ្សេងៗទៀត។ក្នុងការបំពេញការងាររៀងរាល់ថ្ងៃ លោកប៉ូលិស Smith មិនបានសម្ញែងកាំភ្លើងអ្វីនោះទេ ព្រោះលោកជឿថាមិនចាំបាច់មានកាំភ្លើងកាន់ជាប់នឹងដៃ ឬគ្រឿងសម្គាល់ ទើបធ្វើឲ្យលោកក្លាយជាមន្ដ្រីល្អទេ តែវាជាការគោរពប្រជាជន។ ហើយជាជាងការចាប់ខ្លួនពលរដ្ឋ នៅពេលពួកគេប្រព្រឹត្ដខុស លោកតែងតែផ្ដល់ក្ដីមេត្ដា និងណែនាំពួកគេ៕ប្រភព៖khmerload