មិនធម្មតា! ថៅកែមាសពេជ្រចិត្តធម៌អ្នកនាង ទ្រី ដាណា ស្ងាត់ៗនិទានរឿងសេដ្ឋីម្នាក់ ចែកជូនបងប្អូនហ្វេនៗក្នុងហ្វេសប៊ុកថា

3565

ភ្នំពេញ ៖ ជឿជាក់ពុកម៉ែបងប្អូនជាច្រើនបានស្គាល់ជ្រាបច្បាស់ហើយថៅកែមាសពេជ្រអ្នកនាង ទ្រីដាណា ដែលល្បីរន្ទឺខាងធ្វើជំនួយ និង មានចិត្តធម៏ជួយដល់អ្នកក្រក្សត់ដែលកើតមានឡើងលើបណ្តាញសង្គមហ្វេសប៊ុក។ ជាក់ស្តែងក្នុងពេលថ្មីៗនេះអ្នកនាង ដាណា បានបង្ហោះសារលើគណនីផេករបស់ខ្លួនថា ៖ «ញុំ​ចង់​លើក​រឿង​មួយ​ឱ្យ​អាន​លេង ទើប​នឹក​ឃើញ​មិញ​ៗ​ហ្នឹង 😄😄😄សេដ្ឋី​ម្នាក់​នោះ គាត់​មាន​អ្នក​បម្រើ​ស្មោះ​ត្រង់​ក្បែរ​ខ្លួន នៅ​ធ្វើ​ការ​ជាមួយ​ប្រហែល ៥ឆ្នាំ​ហើយ គាត់​ស្រលាញ់​ទុក​ចិត្ត​ណាស់ ហើយ​ថា​អ្នក​បម្រើ​គាត់​ហ្នឹង ធ្វើ​អី​ក៏​ត្រង់​ជាមួយ​គាត់​ដែរ។ ថ្ងៃ​មួយ​នោះ គាត់​នឹក​ឃើញ​ថា ឱ្យ​អ្នក​បម្រើ ទៅ​កម្ម៉ង់​គេ​ធ្វើ​ខ្សែ​ក​មួយ​ខ្សែ ដាក់​ពេជ្រ​សុទ្ធ ៥០​គ្រាប់ អស់​ប៉ុន្មាន​ក៏​បាន​ដែរ។អ្នក​បម្រើ ក៏​ទៅ​កម្ម៉ង់​គេ​ធ្វើ តែ​បែក​គំនិត​គិត​ថា

​យី​​អា​សេដ្ឋី​ហ្នឹង​មាន​លុយ​ច្រើន​សឹង​អី ក៏​ចង់​បន្លំ ព្រោះ​គិត​ថា​សេដ្ឋី​ហ្នឹង​មិន​ចេះ​មើល​ពេជ្រ​ទេ ហើយ​ណា​មួយ​ឱកាស​ល្អ​ផង បើ​បាន​បោក​សេដ្ឋី​ហើយ​សុំ​ឈប់​យក​លុយ​ទៅ​ចាយ​ឱ្យ​សប្បាយ​ដៃ។ អ្នក​បម្រើ​ហ្នឹង ទៅ​និយាយ​ជាមួយ​ជាង ដាក់​ពេជ្រ​សុទ្ធ​តែ ២០​គ្រាប់​ចំ​ពី​មុខ សល់ ៣០​គ្រាប់ គិត​ជា​លុយ​ចែក​គ្នា​ម្នាក់​ពាក់​កណ្ដាល​ជាមួយ​ជាង ដូរ​ដាក់​ត្បូង​ធម្មតា ហើយ​ប្រាប់​ជាង​ថា បើ​សេដ្ឋី​សួរ ពេជ្រ​សុទ្ធ​ទាំង​អស់។ជាង​ធ្វើ​ហើយ អ្នក​បម្រើ​ក៏​យក​ទៅ​ឱ្យ​សេដ្ឋី តែ​សេដ្ឋី​ថា​ឱ្យ​អ្នក​បម្រើ ល សាក​ឱ្យ​មើល ហើយ​គាត់​លាន់​មាត់​ថា យី​សម​ណាស់ ពាក់​ទៅ នេះ​ជា​កាដូ​ខ្ញុំ​ឱ្យ ព្រោះ​នៅ​ធ្វើការ​ជាមួយ​ខ្ញុំ ស្មោះ​ត្រង់​ជាមួយ​ខ្ញុំ​យូរ​ហើយ។ អ្នក​បម្រើ គ្រាន់​តែ​លឺ ធ្លាក់​ថ្លើម​ក្ដុក នឹង​ស្ដាយ​របស់​ទ្រព្យ​ខ្លួន​ឯង​ត្រូវ​បាន​សោះ ទៅ​ជា​ចែក​ជាមួយ​អ្នក​ដទៃ

រឹត​ស្ដាយ​ខ្សែ​ក​ដែល​មាន​ពេជ្រ​ក្លែង​ក្លាយ ជា​របស់​ខ្លួន​ឯង​ត្រូវ​ពាក់…។ឃើញ​ទេ ភាព​ស្មោះ​ត្រង់ ដែល​ខ្ញុំ​តែង​តែ​និយាយ​​ទាំង​ក្នុង live ទាំង​សរសេរ ទាំង​ប្រាប់​តំណាង​ខ្ញុំ​ជាង ៧​ម៉ឺន​នាក់​នោះ វា​សំខាន់​ណាស់។ ធ្វើ​ការ​ជាមួយ​អ្នក​ណា​ក៏​ដោយ រក​ស៊ី​ជាមួយ​អ្នក​ណា​ក៏​ដោយ ឱ្យ​តែ​ស្មោះ​ត្រង់ នឹង​ឃើញ​លទ្ធផល​នៅ​ថ្ងៃ​ណា​មួយ។ ជឿ​ខ្ញុំ​ទៅ ស្មោះ​ត្រង់ មាន​គុណ​ធម៌ ចែក​រំលែក ហើយ​កុំ​បំពាន់​ជាន់​ពន្លិច​អ្នក​ដទៃ ដើម្បី​ខ្លួន​ឯង។💪💪💪ដូច​អ្នក​បម្រើ​ចឹង គាត់​ទ្រាំ ៥​ឆ្នាំ​មក​ហើយ តែ​មិន​ព្រម​ទ្រាំ​ត​​ទៀត ចង់​មាន​បាន​ឆាប់ ក៏​ទៅ​បោក​សេដ្ឋី តែ​ចុង​ក្រោយ គឺ​យក​ទ្រព្យ​ដែល​ខ្លួន​ត្រូវ​បាន ចែក​ឱ្យ​គេ ហើយ​បាន​របស់​ក្លែង​ក្លាយ​ជា​កាដូ។ ​ស្ដាយ​ទាំង​របស់ ស្ដាយ​ទាំង​អំពើ​ដែល​ខ្លួន​ធ្វើ ហើយ​រឹត​តែ​ស្ដាយ​ពេល​ដឹង​ទឹក​ចិត្ត​​ពិត​របស់​សេដ្ឋី។ហេហេហេ ឥឡូវ​ចង់​ក្លាយ​ជា​អ្នក​សរសេរ​រឿង​ទៀត​ហើយ​បង​ប្អូន គាំទ្រ​អត់? 😁😁😁នៅ​ផ្ទះ​អផ្សុក ចេះ​តែ​សរសេរ ទៅ​ក្រៅ​អត់​បាន​ទេ ចង់​អាន​អី​ទៀត​អត់?😝😝»។ប្រភព ៖ ទ្រី ដាណា Dana Try