រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អាគារ ភោជនីយដ្ឋាន កុំកាត់លុយ ឫ ទារថ្លៃខូចខាតដល់ប្រជាពលរដ្ឋ

2195

ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ និង រីករាយជាខ្លាំងដោយនាខណៈពេលមុននេះបន្ដិច ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីអំពាវនាវ អោយចុងភៅ​ ម្ចាស់ភោជនីយដ្ឋាន​ និងម្ចាស់អគារ​ កុំកាត់លុយ​ ឫទារថ្លៃខូចខាត​ ពេលពលរដ្ឋ ដែលលុបចោលពិធីមង្គលការ​ និងបុណ្យផ្សេងៗ​ ដេីម្បីទប់ស្កាត់​ ជំងឺកូវីឌ។ជាក់ស្តែង ក្នុងសេចក្ដីអំពាវនាវនេះដែរ គឺមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ «ក្នុងរយៈពេលកន្លងមក មានបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលគ្រោងរៀបចំពិធីជប់លៀងមង្គលការ

ពិធីបុណ្យនឹងកម្មវិធីជួបជុំផ្សេងៗ បានសម្រេចលើកពេល ឬរំសាយកម្មវិធីវិញ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីឌ ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល។យ៉ាងណាមិញ ដើម្បីជាការលើកទឹកចិត្ដទៅដល់បងប្អូនប្រជាពលរដ្ឋម្ចាស់កម្មវិធី រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវទៅដល់ឯកឧត្ដម-លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ជាម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ ភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌលសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ក្នុងរាជធានីភ្នំពេញ សូមមេត្ដាកុំកាត់លុយ ឬយកលេសទាមទារសំណង

នៃការខាតបង់ពីម្ចាស់កម្មវិធីដែលបានកក់ប្រាក់ និងចៀសវាងការយកឱកាសនេះ ដើម្បីកេងចំនេញពីប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្ដចូលរួមក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីឌ នៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាទូទាំងប្រទេសកម្ពុជា។ក្នុងនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ មានសេចក្ដីសង្ឃឹមទុកជាមុនថា ឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ជាម្ចាស់អាជីវកម្មចុងភៅ ម្ចាស់អគារ ភោជនីយដ្ឋាន ម្ចាស់មជ្ឈមណ្ឌលសម្រាប់ជួលរៀបចំកម្មវិធីទាំងអស់ក្នុងរាជធានីភ្នំពេញ និងចូលរួមអនុវត្ដតាមខ្លឹមសារនៃសេចក្ដីអំពាវនាវនេះ ដោយស្មារតីយោគយល់អធ្យាស្រ័យខ្ពស់ និងឈរលើស្មារតីសាមគ្គីភាពជាធ្លុងមួយ ជាក់ជាមិនខាន”។ប្រភព៖ ហ្វេសប៊ុក