ប្រធានសមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា បកស្រាយភ្លាមៗក្រោយមានការរិះគន់រឿងពាក់ស្បែកជើងចូលគាល់ព្រះមហាក្សត្រ និងសម្តេចយាយ

186

កាលពីពេលថ្មីៗនេះ ព្រះករុណា​ព្រះបាទ​ សម្ដេច​ព្រះបរមនាថ​ នរោត្ដម​ សីហមុនី​ ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ និង​ សម្ដេច​ព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិ​ខ្មែរ​ ក្នុង​សេរីភាព​ សេចក្តី​ថ្លៃ​ថ្នូរ​ និង​សុភមង្គល​ ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះ​អង្គទាំង​ទ្វេសព្វព្រះរាជហឫទ័យប្រោស ព្រះរាជទាន​ គណៈប្រតិភូ​ក្រសួងកិច្ចការនារីចំនួន១៥០នាក់ចូលក្រាបបង្គំគាល់​ ​នា​ព្រះ​រាជដំណាក់​សិរីមង្គល​ ព្រះបរមរាជវាំង។

ជាមួយគ្នានេះផងដែលក៏មានការរិះគន់ដល់សិល្បការិនី៣រូបគឺ ពិធីការិនី យុគ ចិន្តា , ដួង ហ្សូរីដា និង ប្រធានសមាគមសិល្បៈខ្មែរ ចន ច័ន្ទលក្ខិណា ដែលបានចូលគាល់ថ្វាយបង្គុំព្រះមហាក្សត្រខ្មែរបែបឆ្គង និងមិនទាំងដោះស្បែកជើង។ ក្នុងនោះផងដែល ប្រធានសមាគមសិល្បករខ្មែរ ចន ច័ន្ទលក្ខិណា ក៏បានធ្វើការបកស្រាយថា៖

“ខ្ញុំសូមបកស្រាយជូនបងប្អូនដែលមិនដឹងច្បាស់ ទាំងនេះគឺជាការរៀបចំរបស់ពិធីការក្នុងព្រះបរមរាជវាំងដែលអនុញ្ញាតិអោយពួកខ្ញុំគាល់ព្រះអង្គ និង ឈរថតរូបដោយស្មើរព្រះអង្គ បែបនេះ។ ពួកខ្ញុំមិនមែនធ្វើអ្វីតាមចិត្តនោះទេ ទម្រាំបានចូលគាល់ព្រះអង្គគឺសុទ្ធតែធ្វើលិខិតស្នើរសុំចូលគាល់មុនយ៉ាងហោចក៏ មួយខែដែរ ហើយពួកខ្ញុំចូលគាល់ព្រះករុណាក្នុងនាមគណប្រតិភូ នៃក្រសួងកិច្ចការនារី និង សមាគមន៍ដែលដឹកនាំដោយស្ត្រី មិនមែនចូលគាល់ក្រៅផ្លូវការនោះទេ។

ពួកខ្ញុំយល់ច្បាស់ពីច្បាប់ទម្លាប់ក្នុងការងារផ្លូវការខ្លះៗដែរ ហើយកន្លងមកខ្ញុំតែងតែថតភាពយន្តថ្វាយព្រះករុណាជាញឹកញាប់ និង តែងបានគាល់ព្រះអង្គផ្ទាល់ក្នុងកំឡុងធ្វើការថតថ្វាយអង្គម្ចាស់ឪ និង ម្ចាស់ម៉ែ គឺខ្ញុំដឹងថាកាយវិការគោរពប្រណិបត្តិព្រះអង្គផ្នែកផ្លូវការបែបណា ផ្នែកគាល់ព្រះអង្គផ្ទាល់បែបណា សូម្បីពាក្យរាជស័ព្ទ។ បើចង់កែប្រែ សូមធ្វើការស្នើរសុំទៅរាជរដ្ឋាភិបាល និង ច្បាប់របស់ព្រះបរមរាជវាំង ថា សូមអោយគណប្រតិភូទាំងជាតិ និង អន្តរជាតិទាំងអស់មេត្តាដោះស្បែកជើងពេលចូលគាល់ព្រះមហាក្សត្រ និង អោយអង្គុយ ឬ លត់ជង្គង់អំឡុងពេលថតរូប ។ បើមានច្បាប់ និង បញ្ជារគ្មានអ្នកណាហ៊ានជំទាស់ទេ”៕