បែកធ្លាយ ងួន ចាន់ដេវីត​ ត្រូវបាន​ផលិតកម្ម​ ថោន បើកភ្លើង​ខៀវ​ឲ្យ

694

(ភ្នំពេញ)៖ ក្រោយពីចាកចេញ ពីផលិតកម្មរស្មីហង្សមាសជាផ្លូវការ ពីសំណាក់តារាចម្រៀងរ៉េប លោក ងួន ចាន់ដេវីត ហៅ G-Devith ស្រាប់តែធ្លាយព័ត៌មានដ៏រសើបមកថា តារាចម្រៀងរូបនេះ ត្រូវបានផលិតកម្ម ថោន បើកភ្លើងខៀវ ចាំទទួលស្វាគមន៍យ៉ាងរីករាយ ខណៈផលិតកម្មថោន កំពុងតែមានគោលដៅពង្រឹងតារាចម្រៀង និងផលិតកម្មរបស់ខ្លួន ដើម្បីប្រកួតប្រជែងក្នុងទីផ្សារចម្រៀង ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត។

យោងតាមប្រភពព័ត៌មាន ពីអ្នកដឹកនាំសម្តែង នៅក្នុងផលិតកម្ម ថោន ម្នាក់ បានបង្ហើបប្រាប់ឲ្យដឹងថា ផលិតកម្មដ៏ធំលំដាប់ទី២ បន្ទាប់ពីហង្សមាសមួយនេះ រង់ចាំស្វាគមន៍ តារាចម្រៀង ងួន ចាន់ដេវីត គ្រប់ពេលវេលាទាំងអស់ ប្រសិនបើតារាចម្រៀងរូបនេះ ប្តូរចិត្តមិនចង់ច្រៀងក្នុងផលិតកម្ម ហើយចង់ចូលជ្រកនៅផលិតកម្មរបស់ខ្លួន ព្រោះថា ដេវីដ ល្បីស្រាប់ និងអាចមានសមត្ថភាព អាចធ្វើបទភ្លេង និងចម្រៀងដោយខ្លួនឯងបាន។ ហេតុនេះហើយផលិតកម្ម ថោន ត្រូវការតារាបែបនេះ ទៅពង្រឹងផលិតកម្មរបស់ខ្លួន ឲ្យកាន់តែរឹងមាំថែមទៀត។

គេនៅចាំបានថា ងួន ចាន់ដេវីត បានដើរចេញពីផលិតកម្មហង្សមាសតែម្នាក់ឯង ទាំងមិនគួរឲ្យជឿ និងគ្មានស្ដាយស្រណោះ បន្ទាប់ពីតារាចម្រៀងរូបនេះ បានផ្លាស់ប្តូរជីវភាពយ៉ាងឆាប់រហ័ស ពេលដែលល្បីឈ្មោះ នៅផលិតកម្មហង្សមាស។

យ៉ាងណា ងួន ចាន់ដេវីត ធ្លាប់បានអះអាងប្រាប់ថា រូបគេមិនមានការសោកស្តាយអ្វីឡើយ នៅពេលដែលខ្លួនលែងជាអ្នកចម្រៀង របស់ហង្សមាស ព្រោះថាអំឡុងពេលច្រៀងនៅហង្សមាស ជាង២ឆ្នាំនោះ រូបគេរកបានប្រាក់ច្រើន គួរសមដែរមកហើយ។

តាមការអះអាងកន្លងមក លោក ងួន ចាន់ដេវីត បានបញ្ជាក់យ៉ាងច្បាស់ថា ការហើរចេញពីផលិតកម្មហង្សមាស គឺរូបគេនឹងមិនទៅចូលរួម ជាមួយផលិតកម្មណាទាំងអស់ ពោលគឺសុខចិត្ត ធ្វើជាតារាចម្រៀងច្រៀងឯករាជ្យ ដោយធ្វើបទចម្រៀងខ្លួនឯង នឹងចេញចម្រៀងតាម Page និងតាម Youtube វិញ។

ដូច្នេះដំណឹងនៃការបើកភ្លើងខៀវ របស់ផលិតកម្ម ថោន ហាក់មិនទាន់ស្ថិតនៅក្នុងការពិចារណា ក្នុងកម្រិតណាមួយនៅឡើយ ពីសំណាក់លោក G-Devith ខណៈដែលមានតារាចម្រៀងល្បីៗ ជាច្រើនដួងមកហើយ ដែលបានរត់ចេញពីទ្រនំ ហង្សមាស ចូលមកជ្រកក្នុងទ្រនំ ផលិតកម្ម ថោន៕