ម្ចាស់ហាងពេជ្របងស្រីស្អាត ទ្រី​ ដាណា​ បានបង្ហោះសារមួយរៀបរាប់ពីជីវិតពិត ដែលគាត់ខិតខំកែប្រែខ្លួនរហូតដល់សព្វថ្ងៃនេះ

119

ភ្នំពេញ៖ ជឿជាក់ថាបងប្អូនជាច្រើនបានទទួលជ្រាបស្គាល់ហើយបងស្រី ទ្រី​ ដាណា​ ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហេីយ ដែលបងស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ។​ ដោយ​ឡែក​ នៅមុននេះ​បន្តិច​ ថៅកែ​ពេជ្រ​ដ៏មាន​ចិត្ត​ធម៌​រូប​នេះ​ បានទម្លាយ​ប្រវត្តិ​ដ៏សែនជូរចត់​របស់​ខ្លួន​ ដែលធ្លាប់ត្រូវ​គេ​ប្រមាថ​ មើល​ងាយ​ រហូត​ទទួល​បាន​ជោគជ័យ​ ដោយ​មាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ​៖«ក្ដី​ស្រមៃ​ដ៏​ធំ​របស់​ខ្ញុំ ពេល​នេះ​បាន​សម្រេច​ហើយ ក៏​ព្រោះ​តែ​ការ​មើល​ងាយ និង​ពាក្យ​មួយ​ឃ្លា​ដែល​ខ្ញុំ​ចាំ​មិន​ភ្លេច​តាំង​ពី​តូច​មក។ នៅ​ចាំ​បាន​ថា កាល​នៅ​ក្មេង​ៗ

ខ្ញុំ​លក់​ឥវ៉ាន់​នៅ​តាម​ផ្សារ ខ្ញុំ​ឃើញ​គេ​ពាក់​មាស ពេជ្រ ខ្ញុំ​ពិត​ជា​ស្រលាញ់​ណាស់ ហើយ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ អាច​មាន​របស់​ទាំង​អស់​នេះ​ពាក់​លើ​ខ្លួន​ដូច​គេ​ដែរ។ នៅ​ចាំ​បាន​ថ្ងៃ​មួយ​នោះ ពេល​ចេញ​ពី​លក់​ឥវ៉ាន់​មក ខ្ញុំ​ទៅ​ឈរ​សម្លឹង​ទូ​ដែល​គេ​ដាក់​តាំង​គ្រឿង​មាស ពេជ្រ នៅ​ម្ដុំ​ផ្សារ​ព្រែកព្នៅ​នេះ ព្រោះ​គ្រាន់​តែ​ឃើញ​ក៏​សប្បាយ​ចិត្ត​ដែរ។យ៉ាងណាមិញ ហេតុតែ​យើង​ក្រ គ្រាន់​តែ​ឈរ​មើល​បាន​ម៉ាភ្លែត​សោះ ស្រាប់​តែ​ម្ចាស់​ហាង​គេ ចេញ​មក​ដេញ​ខ្ញុំ ព្រោះ​ឃើញ​ខ្ញុំ​ខោ​មិន​ខោ អាវ​មិន​អាវ។ ម្ចាស់​ស្រី​មាត់​ឆៅ​នោះ គាត់​និយាយ​ដាក់​ខ្ញុំ​ថា៖ “លក់​ដូរ​មិន​ទៅ​លក់ មក​មើល​ហ្នឹង​មាន​លុយ​ណា​ទិញ ថ្លៃ​ៗ​ណាស់ កុំ​នៅ​ទើស​គេ”។ ខ្ញុំ​ស្ដាប់​ហើយ ឈឺ​ចាប់​ណាស់ មិន​ដឹង​គាត់​និយាយ​លេង ឬ​និយាយ​មែន​ទេ តែ​ក៏​មិន​ខឹង​គាត់​ដែរ ព្រោះ​ដឹង​ថា​ខ្លួន​ឯង​ពេល​នោះ ពិត​​ជា​គ្មាន​សមត្ថភាព​មែន

គ្រាន់​តែ​គិត​ក្នុង​ចិត្ត​ថា កំណាញ់​ម្ល៉េះ​មើល​ផង​មិន​បាន។តាំង​ពី​ពេល​នោះ​មក ខ្ញុំ​ក៏​មាន​ក្ដី​ស្រមៃ​ធំ​ជាង​មុន​​ថា នឹង​បើក​ហាង​លក់​មាស​ពេជ្រអោយបាន មិន​មែន​ត្រឹម​តែ​ពាក់​នោះ​ទេ។ ពិត​ជា​គិត​ឆ្កូត​ៗ​ពេក​ហើយ ព្រោះ​កាល​នោះ​គ្មាន​លុយ​ជាប់​ខ្លួន​សោះ ទិញ​មួយ​ជី​ក៏​មិន​បាន​ផង​ហ្នឹង ហ៊ាន​ស្រមៃ​​ដល់​បើក​ហាង​មាស​ពេជ្រ។ ការ​ប្រឹង​ប្រែង​របស់​ខ្ញុំ នៅ​តែ​មាន​ជា​និច្ច គឺ​ខ្ញុំ​បាន​យក​លុយ​សល់​បន្តិច​បន្តួច​ជាប់​ខ្លួន មក​ប្រើ​ជា​ដើម​ទុន​ទិញ​ផលិត​ផល​គ្រឿង​សម្អាង​លក់​កាល​ឆ្នាំ​២០១២។ពេល​ខ្ញុំ​លក់​នោះ គេ​មិន​ទាន់​ផ្អើល​រឿង​គ្រឿង​សម្អាង​បែប​នេះ​ទេ ទើប​ធ្វើ​ឱ្យ​ទីផ្សារ​រីក​លឿន ហើយ​ខ្ញុំ​ក៏​បាន​ស៊ើប​រឿង​យក​គ្រឿង​សម្អាង​ពី​ថៃ​មក​លក់។​ បន្ទាប់​មក ក៏​ចាប់​ផ្ដើម​ស្គាល់​គេ​ច្រើន និង​នាំ​ចូល​កាន់​តែ​ច្រើន រហូត​បើក​ក្រុមហ៊ុន​នាំ​ចូល និង​ចែក​ចាយ​គ្រឿង​សម្អាង​ក្នុង​ឆ្នាំ​២០១៨។ នេះ​ចាត់​ទុក​ថា​ជោគ​ជ័យ​ណាស់​ហើយ

តែ​មិន​ភ្លេច​អា​រឿង​គេ​មើល​ងាយ ចង់​បើក​ហាង​មាស​ពេជ្រ​ហ្នឹង​ហ្មង។ ទោះ​រវល់​ជាមួយ​ក្រុមហ៊ុន​គ្រឿង​សម្អាង​មែន តែ​ខ្ញុំ​នៅ​តែ​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្ញុំ​អោយ​បាន គឺ​បើក​ហាង​លក់​មាស​ពេជ្រ។ គិត​សព្វៗ​ទៅ ពិត​ជា​នឹក​ស្មាន​មិន​ដល់ ប៉ុន្តែ​ការ​ប្រឹង​ប្រែងមិន​អត់​ប្រយោជន៍​ទេ។ជាក់ស្តែង ឥឡូវ​បើក​ហាង​បាន​ហើយ អ្នក​ណា​ចង់​មើល​ប៉ុន្មាន​ម៉ោង​ក៏​បាន​ដែរ អត់​យក​លុយ អត់​ដេញ​ទេ ហេហេហេ។ គ្រាន់​តែ​មើល​សោះ មាន​អស់​អី!​ ឥឡូវ​មក​ថត​បទ​ចម្រៀង​ទៀត​ហើយ ព្រោះ​ស្រលាញ់​ខាង​ច្រៀង​រាំ សម្ដែង​ហ្នឹង​ហ្មង។ ប្រឹង​រក​ស៊ី​មក​ដើម្បី​អី គឺ​ដើម្បី​បំពេញ​ក្ដី​សុខ​ខ្លួន​ឯង​ផង ជួយ​គេ​ផង វា​ធ្វើ​អោយ​យើង​សប្បាយ​ចិត្ត។ ចឹង​កុំ​ឆ្ងល់​ថា ហេតុ​អី​ខ្ញុំ​មាន​លុយ​ល្មម​ចាយ​ដែរ​ហើយ នៅ​តែ​ប្រឹង​មិន​ដឹង​ថ្ងៃ​យប់ គឺ​មក​ពី​ចង់​សម្រេច​ក្ដី​ស្រមៃ​ច្រើន​ទៀត ហើយ​សង្ឃឹម​បង​ប្អូន​អាច​ប្រឹង​ប្រែង​ដូច​គ្នា»។ប្រភព៖ ហ្វេសប៊ុក