ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានជ្រាបដឹងហើយថា ក្នុងឱកាសសង្រ្កានចូលឆ្នាំថ្មី គឺជាជាឱកាសមួយដែលមនុស្សម្នានាំសប្បាយរីករាយជួបជុំគ្រួសារ ជាពិសេសគឺអ្នកអាយុតិចរមែងតែងសុំពរពីចាស់ៗអ្នកអាយុច្រើនជាងខ្លួន មានដូចជាឪពុកម្តាយ អ៊ំពូមាមីង ឬ បងប្រុសបងស្រី ជាដើម ដើម្បីបានសេចក្តីសុខសេចក្តីចម្រើន។ ដោយឡែក ថ្មីៗនេះ មានវីដេអូមួយដែលបង្ហាញឱ្យឃើញពីលោកយាយចំណាស់ៗអាយុខ្ទង់ ១០០ ឆ្នាំពីរនាក់ ជាបងប្អូនបង្កើតនឹងគ្នាកំពុងតែអង្គុយសំណេះសំណាលសុំពរពីគ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
បានធ្វើឱ្យមហាជនមានការរំជួលចិត្តជាខ្លាំង។ លោកយាយទាំងពីរនាក់នេះ គឺជាអ្នកស្រុកសុរិន្ទ ហើយតាមម្ចាស់វីដេអូដែលជាចៅស្រីបានឱ្យដឹងថា លោកយាយទាំងពីរ គឺជាបងប្អូនបង្កើតនឹងគ្នា ដោយខាងប្អូនស្រីមានវ័យ ៩៩ ឆ្នាំ ចំណែកបងស្រីមានវ័យ ១០៥ ឆ្នាំទៅហើយ។ យ៉ាងណាមិញ បើទោះជាមានអាយុច្រើន ព្រមទាំងមានភាពចាស់ជរាទៅហើយក្តី តែបងប្អូនទាំងពីរនៅចាំគ្នាបានច្បាស់ណាស់ ជាពិសេសប្អូនស្រីតែងតែដើរមកលេងជាមួយបងស្រីមិនដាច់នោះទេ ហើយក្នុងឱកាសចូលឆ្នាំរាល់ឆ្នាំ លោកទាំងពីរក៏តែងតែមកឱ្យពរគ្នាជានិច្ច។
ជាក់ស្តែងនៅក្នុងឆ្នាំនេះ គឺលោកយាយជាប្អូនក៏បានដើរត្រុកៗយកលុយមកសំពះជូនបង ព្រមទាំងអង្គុយសំណេះសំណាលនិយាយគ្នាលេងយ៉ាងសប្បាយរីករាយ នេះគឺពិតជាទិដ្ឋភាពមួយដែលឃើញហើយគួរឱ្យរំជួលចិត្តមិនស្ទើរឡើយ។ តួយ៉ាង មហាជននៅតាមបណ្តាញសង្គម ឃើញហើយក៏រំជួលចិត្តមិនចាញ់គ្នានោះទេ ម្នាក់ៗជូនពរឱ្យលោកយាយទាំងពីរមានកម្លាំងមាំមួន មានអាយុវែង ដើម្បីជាម្លប់សម្រាប់កូនចៅតទៅមុខទៀត៕សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ
Leave a Reply