ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តជាច្រើនប្រហែលជាជ្រាបដឹងហើយថា កាលពីពេលថ្មីៗកន្លងទៅនេះ ពាក្យស្លោកមួយរបស់ទំព័រហ្វេសប៊ុក Business Cambodia ដែលភ្ជាប់ជាមួយរូបថតរបស់លោក សំ កុសល ស្ថាបនិក ស្ថាប័នខាងលើ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម បង្ហាញការមិនពេញចិត្ត ធ្វើការវែកញែកព្រោងព្រាត។ ពាក្យស្លោកនោះ បានសរសេរថា ៖ «អ្នកក្រហូបបាយរួចស្រមៃឃើញកន្លែងគេងហើយ មនុស្សគ្មានគោលដៅ សៅរ៍ អាទិត្យ ដេកលក់ស្រួលណាស់»។ Quoteនេះហើយ បានធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីមហាជន
ក្នុងចំណោមអ្នកប្រតិកម្មនោះ ក៏មានលោកផែង វណ្ណៈ ដែលជាអ្នកសារព័ត៌មានដ៏ល្បីផងដែរ៕ យ៉ាងណាមិញ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោក ផែង វណ្ណៈ បានស្ក្រីនសតQuoteខាងលើ ហើយគូសញ្ញាខ្វែង រួចបង្ហាញទស្សនៈរបស់ខ្លួនថា «មានបានតិចតួចមើលងាយអ្នកក្រម្ល៉េះហា ? លោកឯងសល់ប៉ុន្មានពាន់លានហើយ ? បងប្អូនយល់យ៉ាងណាដែរចំពោះ ទ្រឹស្ដីរបស់ ម្នាក់នេះ ? ខ្ញុំអោយសូន្យ»។ បន្ថែមលើនេះ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ លោក ផែង វណ្ណៈ
បានបង្ហោះរូបថតរបស់ខ្លួនកំពុងសម្រាកលើឡានទំនើប ហើយដាក់ផ្លែថា «ក្រក៏ក្រទៅហូបបាយថ្ងៃត្រង់ហើយសម្រាកមួយភ្លែតសិនដើម្បីសុខភាព បើអត់ដេកដូចគ្រូជោគជ័យខ្លះថា ប្រយ័ត្នស្លា-ប់ចោលការងារចោលលុយ ។ មានសុខភាពល្អ ទើបមានអ្វីៗគ្រប់បែបយ៉ាង»។ រហូតមកដល់ពេលនេះ គេមិនឃើញ Business Cambodia ឬលោក សំ កុសល ជាស្ថាបនិក ធ្វើការបកស្រាយពន្យល់នៅឡើយទេ។ តែបើតាមមតិមួយចំនួននៅលើបណ្ដាញសង្គមយល់ថា ពាក្យអ្នកក្រនេះ ចង់សំដៅទៅលើ អ្នកក្រគំនិត, មនុស្សខ្ជិល មិនមែនជាការមើលងាយឡើយ៕
Leave a Reply