ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនប្រាកដជាបានទស្សនារួចមកហើយ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ខណៈបុរសជាអ្នកដំណើរម្នាក់គ្រាន់តែមានចិត្តជួយលើកម៉ូតូដួ.លកណ្ដាលផ្លូវ តែបែរជាត្រូវអ្នកសារព័ត៌មាន បានស្ដីបន្ទោសទៅវិញ បេីទោះបីជារូបគាត់បានលេីកដៃសំពះសុំទោសជាច្រើនដងក៏ដោយនោះ បណ្ដាលឲ្យមហាជននាំគ្នារិះគន់យ៉ាងចាស់ដៃ។ ដោយឡែក កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្តម ជុំ កុសល បង្ហាញការហួសចិត្តជាខ្លាំង
ក៏បានមានការលេីកឡេីងដូចតទៅ៖«ឃើញហើយទើសចិត្តពេក ! មនុស្សមានចិត្តសង្រ្គោះ ឃើញគ្រោះថ្នាក់នៅចំពោះមុខក៏ចុះជួយ ។ នេះគឺជាកាយវិការគួរឲ្យកោតសរសើរចំពោះគាត់ ! ចុះហេតុអីបានជារូបគាត់ត្រូវបានទទួលរងនូវការស្តីបន្ទោសពីអ្នកសារព័ត៌មាន និងសមត្ថកិច្ចនគរបាលទៅវិញ ? ករណី លើកម៉ូតូចេញ មិនមែនជារឿងខុសច្បាប់អីនោះទេ គ្រាន់តែបាត់ដានដែលជាហេតុនាំឲ្យសមត្ថកិច្ចនគរបាលចរាចរណ៍ពិបាកក្នុងការវាស់វែងតែប៉ុណ្ណោះ ប៉ុន្តែបុរសនោះគាត់បានលើកដៃសុំទោសហើយ ដោយសារតែគ្នាមិនដឹង។
គួរណាស់តែអស់លោកដែលដឹងនិយាយពន្យល់ប្រាប់គាត់ដោយសំដីទន់ភ្លន់ ចាំបាច់ស្រែកគំហកដាក់គ្នា ? ។ កាយវិការ និងពាក្យសំដីរបស់អ្នកសារព័ត៌មានបែបនេះគឺជាការបំបាក់ទឹកចិត្តដល់អ្នកក្រោយៗទៀត ដែលជួបរឿងបែបនេះខ្លាច មិនហ៊ានជួយទេ។ សូមគិតឡើងវិញ កុំប្រើសិទ្ធិជ្រុលចេញឆ្ងាយពីតួនាទីស្នូលរបស់ខ្លួនពេក វានាំឲ្យបាត់តម្លៃ»៕
Leave a Reply