ថៃ ៖ ប្រិយមិត្តអ្នកគាំទ្រជាច្រើនប្រហែលជ្រាបដឹងហើយថា កាលពីរាត្រីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២២ កន្លងទៅ កំពូលតារាចម្រៀងរ៉េបប្រចាំប្រទេសកម្ពុជា លោក វណ្ណដា បានសម្ដែង នៅក្នុងកម្មវិធីប្រគំតន្ត្រីដ៏ធំក្នុងប្រទេសថៃ ដែលមានឈ្មោះថា «Big Mountain Music Festival 12 Block Stage» នៅឯតំបន់ The Ocean Khao Yai ជាមួយនឹងសិល្បករជាច្រើនផ្សេងទៀត។តួយ៉ាង ជាទូទៅ បន្ទាប់ពីសម្ដែងចប់ពីមួយបទទៅមួយបទ
សិល្បករនីមួយៗតែងមានពេលវេលាដែលតម្រូវឱ្យពួកគេឈរនិយាយលេង សួរសុខទុក្ខ ព្រមទាំងផ្លែផ្កាលេបខាយពាក្យសម្ដីលេង ជាមួយនឹងអ្នកគាំទ្រដែលបានមកទស្សនាដោយផ្ទាល់។ ដោយឡែក ក្នុងវគ្គនោះ លោក វណ្ណដា បានសំណះសំណាលជាមួយនឹងអ្នកគាំទ្រដែលបានចូលរួម ជាភាសាខ្មែរ និង ភាសាអង់គ្លេស។យ៉ាងណាមិញ បើក្រឡេកមើលទៅក្នុងវីដេអូមួយ ដែលត្រូវបានគេចែករំលែកពាសពេញបណ្ដាញសង្គម ទាំងក្នុង TikTok និង ហ្វេសប៊ុក មហាជនអ្នកគាំទ្រសង្កេតឃើញថា តារារ៉េបរូបនេះ ក៏បានលេបខាយសម្ដីជាភាសាថៃ ដាក់អ្នកគាំទ្រ ដោយបានសួរពួកគេថា
«តើពាក្យ ខ្ញុំស្រឡាញ់អ្នក ជាភាសាថៃ គេនិយាយយ៉ាងដូចម្ដេច»?មិនបង្អង់យូរឡើយ ភ្លាមៗនោះ អ្នកគាំទ្របានស្រែកយ៉ាងព្រមគ្នានៃពាក្យមួយនេះ ជាភាសាថៃ ដើម្បីឱ្យលោកនិយាយតាម។ ដោយគ្រាន់តែ វណ្ណដា បាននិយាយពាក្យថា «ឆាន់រ័កធឺ» តាមភ្លាម ក្នុងសម្ដីលេបខាងទាំងទឹកមុខបែបខិល លាយឡំនឹងភាពក្រមិចក្រមើមផងនោះ អ្នកគាំទ្រដែលបានចូលទស្សនាដោយផ្ទាល់ បានស្រែកហ៊ោកញ្ជ្រៀវ ទាំងអៀនផង និង រំភើបផងតែម្ដង៕
Leave a Reply