ភ្នំពេញ ៖ ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាន និង កំពុងស្រឡាំងកាំងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីមានគេទម្លាយដំណឹងរបស់តារាប្រុស និង ជាពិធីករ ប៉ែន ចំរុង ថាត្រូវតុលាការសម្រេចផ្តន្ទាទោសជាប់ពន្ធនាគារ ១០ ខែ និង ពិន័យជាទឹកប្រាក់ ៦០ លានរៀល ក្នុងករណីបរិហារកេរ្តិ៍។ដោយឡែក តាមសារដែលគេទម្លាយលើហ្វេសបុកនោះ បានរៀបរាប់ថា ៖ «តុលាការបានសម្រេចផ្តន្ទាទោសតារាសម្តែង និង ពិធីករ លោក ប៉ែន ចំរុង និង បុគ្គលមួយរូបទៀត ឈ្មោះ ង៉ាន់ ពិសី ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល ១០ ខែ និង ពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន ១ លានរៀល
ចូលជាថវិការដ្ឋពីបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ ២០២១ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៣១១ និង មាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។ ហើយបង្គាប់ឱ្យឈ្មោះ ប៉ែន ចំរុង និង ឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឱ្យដើមបណ្តឹងឈ្មោះ គាន ណារិត ចំនួន ៦០ លានរៀល នៅពេលសាលក្រមនេះចូលស្ថាពរ។ សាលក្រមនេះជំនុំជម្រះជាសាធារណៈកាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២២
ចំពោះមុខមេធាវីតំណាងឱ្យដើមបណ្តឹងរដ្ឋប្បវេណី កំបាំងមុខជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ឈ្មោះ ង៉ាន់ ពិសី នឹងប្រកាសជាសាធារណៈ កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២២ ទុកសិទ្ធិឱ្យប្តឹងទាស់ និង ប្តឹងឧទ្ទរណ៍តាមកំណត់ច្បាប់»។ក្រោយពីបែកធ្លាយដំណឹងខាងលើ លោក ប៉ែន ចំរុង ក៏ត្រូវបានសារព័ត៌មានក្នុងស្រុកធ្វើការទាក់ទងតាមទូរស័ព្ទដៃភ្លាមៗ ហើយលោកក៏មិនបានបកស្រាយអ្វីច្រើន ពោលគឺត្រឹមប្រាប់ថាកំពុងដោះស្រាយរឿងនេះ។ ដោយឡែក ភរិយារបស់តារាប្រុសខាងលើគឺអ្នកនាង ហ៊ុន ម៉ាណេ ក៏បានឆ្លើយតបតាមទូរស័ព្ទទៅកាន់សារព័ត៌មានដូចគ្នាថា
អ្នកនាងមិនសូវដឹងរឿងរ៉ាវរបស់ស្វាមីនោះទេ។យ៉ាងណាមិញ ទន្ទឹមនឹងរឿងកំពុងតែក្តៅគគុក នៅយប់ថ្ងៃដដែលនោះ អ្នកនាង ហ៊ុន ម៉ាណេ ភរិយារបស់លោក ប៉ែន ចំរុង ក៏បានបង្ហោះរូបភាពជាអក្សរថា៖ «គេនិយាយអ្វីជារឿងរបស់គេ បើយើងបើកបេះដូងទទួលពាក្យអាក្រក់ពីអ្នកដទៃមកគិត វាជាភាពល្ងង់ខ្លៅរបស់យើង»។មិនត្រឹមតែប៉ុណ្ណោះ រូបភាពជាអក្សរខាងលើ ក៏បានភ្ជាប់នូវសារមួយឃ្លាទៀតដែរថា៖ «គិតល្អ ធ្វើល្អទទួលតែភាពវិជ្ជមាន ជីវិតនឹងជួបតែរឿងរីករាយ»។យ៉ាងណា ជុំវិញរឿងរ៉ាវក្តីក្តាំងខាងលើរបស់លោក ប៉ែន ចំរុង នឹងបន្តយ៉ាងណាទៀត នៅមិនទាន់ច្បាស់នៅឡើយមានតែរង់ចាំឱ្យសាមីខ្លួនចេញមុខមកបញ្ជាក់ដោយផ្ទាល់ប៉ុណ្ណោះ៕
Leave a Reply