ភ្នំពេញ ៖ ប្រិយមិត្តជាច្រើនមានការចាប់អារម្មណ៏ជាខ្លាំង បន្ទាប់ពីដឹងស្ថានភាពរបួសរបស់ជនរងគ្រោះអស់ហើយ ប្រធានបទសំណង ២៥០០ដុល្លារ កំពុងក្លាយជាប្រធានបទពិភាក្សាវែកញែកយ៉ាងក្ដៅគគុកនៅលើបណ្ដាញសង្គមនាប៉ុន្មានថ្ងៃនេះ។ ក្នុងនោះមានភាគីជនរងគ្រោះមានស្ត្រីជាម្ដាយទារក ជីដូនទារក និងភាគីខាងនគរបាលរាជធានីភ្នំពេញ បានចេញមុខអះអាងបំភ្លឺផ្សេងៗគ្នា។ក្នុងនោះដែរ ស្ត្រីឈ្មោះ មុច ស្រីល័ក្ខ ជាជនរងគ្រោះក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារបានអះអាងថា ខណៈពេលរូបគាត់កំពុងបាត់បង់ស្មារតី
សម្រាកព្យាបាលនៅមន្ទីរពេទ្យ មានសមត្ថកិច្ចម្នាក់បានយកក្រដាសឲ្យគាត់ផ្ដិតមេដៃ ហើយចាប់មេដៃគាត់ទៅផ្ដិត ឯគាត់ក៏គិតថា សមត្ថកិច្ចយកមេដៃធ្វើពាក្យបណ្ដឹង តែតាមពិតផ្ដិតមេដៃទទួលយកសំណង ២ ៥០០ដុល្លារ ដើម្បីបញ្ចប់រឿងទៅវិញ។ចំណែកស្ត្រីជាម្ដាយរបស់ស្ត្រីខាងលើ ក៏មានមេដៃក្នុងលិខិតទទួលសំណងនោះ អះអាងថា ខាងភាគីរថយន្តបង្កបានមកទាក់ទងមកជួបអ្នកស្រី ហើយឲ្យអ្នកស្រីឲ្យទទួលយកសំណង ២៥០០ដុល្លារ ដ្បិតអីរថយន្តរបស់ពួកគេក៏បែកកញ្ចក់
ខូចកំប៉ិតត្រូវជួសជូល និងខូចទូរស័ព្ទតម្លៃប្រមាណ ២ពាន់ដុល្លារថែមទៀត សរុបទៅចំណាយច្រើន បើឲ្យលើសហ្នឹងក៏មិនបានដែរ។អ្នកស្រីបន្ថែមថា ក្រុមគ្រួសារសាច់ញាតិជនបង្កបានឃាត់ឃាំងមិនឲ្យអ្នកស្រីទៅមើលចៅឡើយ ដរាបណាអ្នកស្រីព្រមយកសំណងពួកគេ និងផ្ដិតមេដៃឲ្យពួកគេសិន។ ដោយហេតុតែគាត់បារម្ភពីចៅនៅមន្ទីរពេទ្យគ្មានអ្នកមើល ហើយក៏ត្រូវការប្រាក់ព្យាបាលចៅ និងកូនស្រី ភ្លាមៗក៏ព្រមយកទាំងបង្ខំ
ហើយក៏មានសមត្ថកិច្ចដឹងឮផងដែរ។យ៉ាងណាទោះមានការអះអាងពីភាគីជនរងគ្រោះខាងលើ ខាងស្នងការនគរបាលរាជធានីភ្នំពេញ បានចេញមុខការពារមន្ត្រីខ្លួនថា សមត្ថកិច្ចខ្លួនពុំបានបង្ខំឲ្យស្ត្រីជាម្ដាយរបស់ទារកផ្ដិតមេដៃទទួលយកសំណង ២៥០០ដុល្លារ ខណៈស្ត្រីជាម្ដាយសន្លប់បាត់បង់ស្មារតីនៅមន្ទីរពេទ្យនោះទេ។យ៉ាងណាមិញ ប្រភពខាងលើបានសាកសួរ និងស្រង់សម្តីបញ្ជាក់របស់អ្នកគ្រូពេទ្យដែលជាម្ចាស់គ្លីនិកពន្លឺ ដែលជនរងគ្រោះឈ្មោះម៉ុច ស្រីល័ក្ខ បានទៅសម្រាកព្យាបាលរបួស ដោយបញ្ជាក់ថា អ្នករបួសមិនបានសន្លប់ដូចដែលលើកឡើងប្រាប់សារព័ត៌មាននោះទេ គឺគាត់មានស្មារតីគ្រប់គ្រាន់
និងបានដើរចូលមកពិនិត្យព្យាបាលដោយខ្លួនឯង មិនមានការសែងចូលនោះទេ មានន័យថា ជនរងគ្រោះត្រឹមរងរបួសភ្នែក ក្បាល និងត្រង់ក។ម៉្យាងទៀតក៏មានមនុស្សដែលស្គាល់គ្នាចំនួន ២នាក់ នៅជាមួយជនរងគ្រោះជាប់រហូត ហើយក៏គ្មានហេតុផលណាមួយដែលសមត្ថកិច្ច ត្រូវចាប់ដៃជនរងគ្រោះមកផ្តិតមេដៃនោះទេ។ បន្ទាប់ពីមានការបកស្រាយបំភ្លឺបែបនេះ សាធារណជន បានទាមទារឲ្យខាងមន្ទីរពេទ្យបញ្ចេញវីដេអូកាមេរ៉ាសុវត្ថិភាពនៅថ្ងៃអ្នកជម្ងឺចូលសម្រាកព្យាបាលនោះថា អ្នកជំងឺដើរចូល ឬសន្លប់គេសែងចូល៕
Leave a Reply