មិនធម្មតា! ប្អូនប្រុសគីមហុង ទើបអាយុ ១៣ ឆ្នាំ តែអាចប្រឡងបាក់ឌុបបាន តាមពិតមានសមត្ថភាពពិសេសតាំងពីអាយុ ២ ឆ្នាំមកម្ល៉េះ

ភ្នំពេញ ៖ សូមរំលឹកបន្តិចផងដែរថា កាលពីឆ្នាំ ២០១៧ កន្លងទៅ កុមារា ហ៊ឺ ទៀង គីមហុង បានធ្វើឱ្យមហាជនខ្មែរ រួមទាំងថ្នាក់ដឹកនាំ នាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ស្ញើចសរសើរជាខ្លាំងនូវសមត្ថភាពរបស់គេ ដោយសារតែមានអាយុទើបតែ ៧ ឆ្នាំ តែមានសមត្ថភាពពិសេសអាចដោះស្រាយលំហាត់គណិតវិទ្យា ថ្នាក់ទី ១២​ បាន ដែលជារឿងដ៏អស្ចារ្យបំផុត។ដោយឡែក ទាក់ទិនទៅនឹងប្រវត្តិរបស់ក្មេងប្រុសខាងលើ តាមរយៈជំនួបរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្មេងប្រុស គីម ហុង កាលពីថ្ងៃទី ១៩ កក្កដា ឆ្នាំ ២០១៧ កន្លងទៅ បាន​ឱ្យដឹងថា

កុមារា គីមហុង ធ្លាប់រៀននៅសាលាបឋមសិក្សា ហ៊ុនសែន អនុវត្ត ខេត្តតាកែវ មានទីតាំងនៅភូមិ ៣ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ក្នុងនោះដែរ កុមារា គីមហុង គឺជាកុមារដែលមានសមត្ថភាពពិសេស យល់ដឹងលើភាសាខ្មែរ និង គណិតវិទ្យា។ គីមហុង មានសមត្ថភាពពិសេសចេះអានអក្សរ និង រៀបអក្សរខ្មែរ និង អក្សរឡាតាំងកាលពីអាយុជាង ២ ឆ្នាំ។ លុះអាយុបាន ២ ឆ្នាំកន្លះ កុមារ គីមហុង ចេះអានសារជូនពរសម្តេចតេជោ ហ៊ុន សែន បានយ៉ាងល្អ។មិនត្រឹមតែប៉ុណ្ណោះ ក្នុងអាយុ ៧ ឆ្នាំ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ក្មេងប្រុស គីមហុង

បានសន្ទនាជាភាសាអង់គ្លេសជាមួយចៅស្រីសម្ដេច ដែលក្នុងនោះសម្តេចក៏បានប្រាប់ឱ្យ គីមហុង ស្រាវជ្រាវរកផែនទីកម្ពុជា និង ទីតាំងមួយចំនួន ហើយវាស់ចំងាយរកចំនួនប្រវែងគីឡូម៉ែត្រ ដែលរូបគេធ្វើបានយ៉ាងល្អគួរឱ្យកោតសរសើរ។ដោយសារកុមារនេះមានសមត្ថភាពពិសេស សម្តេចតេជោបានស្នើអាហារូបករណ៍ពិសេសពីសាលា Beltei ដល់ គីមហុង បានសិក្សាចំណេះដឹងទូទៅ និង បានស្នើឱ្យលោក ដួង តារា

ជាជំនួយការសម្តេចតេជោ និង ក្រុមគ្រួសារ ពិភាក្សាគ្នាជាមួយក្រសួងអប់រំ យុវជន និង កីឡា ដើម្បីរកគ្រឹះស្ថានល្អដែលសមស្របទៅនឹងសមត្ថភាពពិសេសរបស់កុមារ គីមហុង។ ក្នុងនោះ សម្តេច ក៏ទទួលបន្ទុករាល់នូវការចំណាយក្នុងការសិក្សាសម្រាប់កុមារា គីមហុង ទាំងស្រុងផងដែរ។គួរឱ្យដឹងផងដែរ នៅក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ០៥ ធ្នូ ២០២២ នេះ កុមារវ័យឆ្លាត ហ៊ឺ ទៀងគីមហុង គឺជាបេក្ខជនប្រឡងបាក់ឌុបមួយរូប ដែលមានអាយុទើបតែ ១៣ ឆ្នាំប៉ុណ្ណោះ ដែលធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ និង ស្ញើចសរសើរធនធានពិសេសរូបនេះសាជាថ្មី៕


Posted

in

by

Tags:

Comments

Leave a Reply

Your email address will not be published. Required fields are marked *