បរទេស ៖ អ្នកស្រុកនាំគ្នាជេរប្រទេចមហាសេដ្ឋីមួយរូប ដែលត្រៀមនឹងរៀបចំពិធីកប់រថយន្ដមួយគ្រឿងតម្លៃជាង ១លានដុល្លារ ដើម្បីទុកបើកពេលដែលខ្លួនឯងចាកចេញពីពភពលោកនេះទៅ តែដល់ពេលថ្ងៃមែនទែន បែរជាមានរឿងដែលនឹកស្មានមិនដល់ ហើយធ្វើឲ្យក្រុមអ្នកយកព័ត៌មានមានក្ដីងឿងឆ្ងល់ជាខ្លាំង។វាជារឿងរ៉ាវរបស់មហាសេដ្ឋីសញ្ជាតិប្រេស៊ីលម្នាក់ ឈ្មោះ ស្កាប៉ា ដោយលោកស្ថិតក្នុងចំណោមមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិច្រើនជាងគេ និងមានអំណាចជាងគេបំផុតនៅក្នុងប្រទេសប្រេស៊ីល។ លោកបានធ្វើឲ្យគ្រប់គ្នានៅក្នុងប្រទេសភ្ញាក់ផ្អើលដោយប្រកាសថា នឹងមានពិធីកប់រថយន្ដទំនើបមួយគ្រឿងតម្លៃជាង ១លានដុល្លារ ដើម្បីទុកជិះពេលខ្លួនស្លា…ប់ទៅ។បណ្ដាញអ្នកសារព័ត៌មានបណ្ដើរគ្នាយ៉ាងច្រើនគគ្រឹកគគ្រេងទៅចូលរួមពិធីនោះ ថែមទាំងមានការបញ្ចេញមតិទៅខាងផ្នែកអវិជ្ជមានស្ទើរដូចៗគ្នាថា
តម្លៃរថយន្តរាប់លានមិនគួរយកទៅកប់នោះទេ គួរដែលបរិច្ចាគទៅឲ្យមូលនិធិជនពិការ កុមារកំព្រា ឬក៏អ្នកក្រខ្សត់ផ្សេងៗទៀតជាច្រើនដែលពួកគេកំពុងត្រូវការយ៉ាងពិតប្រាកដ។បើទោះបីជាត្រូវអ្នកស្រុកជេរស្ដីយ៉ាងណាក៏ដោយក៏លោក ស្កាប៉ា នៅតែរឹងទទឹងថានឹងដំណើរការពិធីនេះតទៅដែរ ហើយពិធីមួយនេះ ពិតប្រាកដណាស់មានអ្នកបណ្ដាញសារព័ត៌មានជាច្រើនចុះមកផ្ដិតទិដ្ឋភាពផ្ទាល់ជាមួយកាមេរ៉ាធំៗគ្រប់ដៃ និងផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យបានជ្រាប ព្រោះវាជាដំណឹងគួរជាទីចាប់អារម្មណ៍។
តែដល់ពេលពិធីកប់ឡាននោះមែនទែន គ្រប់យ៉ាងបែរជាផ្លាស់ប្ដូរ លោក ស្កាប៉ា រៀបចំឲ្យគេរុញឡានដាក់ចូលទៅក្នុងរណ្ដៅរួចរាល់ហើយ ស្រាប់តែគេលើកប៉ែលបម្រុងតែចា ក់ដីលុបរថយន្ត មហាសេដ្ឋីរូបនេះស្រាប់តែប្រកាសនៅចំពោះមុខអ្នកសារព័ត៌មានថា បញ្ឈប់ពិធីបញ្ចុះសពរថយន្តនេះភ្លាម! លោកនិយាយឡើងទៀតថា ខ្លួនគាត់មិនបានតាំងចិត្ដកប់ឡានចោលនោះទេ ហើយការដែលគាត់ហៅអ្នកទាំងអស់គ្នាឲ្យចូលរួមថ្ងៃនេះ ព្រោះគាត់ចង់ប្រៀបធៀបឲ្យឃើញ និងក្រើនរម្លឹកដល់គ្រប់គ្នាថា៖គ្រប់គ្នាជេរស្ដីគាត់គ្រាន់តែគាត់ថា នឹងកប់ឡានតម្លៃរាប់លានចោល តែតាមពិតទៅ
មានមនុស្សមួយចំនួនធំ បានកប់របស់មានតម្លៃថ្លៃជាងរថយន្តរបស់គាត់ទៅទៀត ព្រោះមនុស្សគ្រប់គ្នាពេលស្លា…ប់តែងតែកប់ចោលទាំងបេះដូង ថ្លើម លំពែង ប្រម៉ាត់ ក្រលៀន និងអវយវៈផ្សេងទៀតទៅជាមួយ។ តែវាពិតជាអស់សំណើចណាស់ មានអ្នកជំងឺជាច្រើននៅក្នុងលោកនេះត្រូវការរបស់ទាំងនោះ ដើម្បីបន្តជីវិតរស់។តែរឿងដែលគ្រប់គ្នាតែងតែធ្វើ ឬសូម្បីតែប្អូនៗទាំងអស់គ្នា បែរជាយកអវយវៈល្អៗទាំងនោះដែលអាចប្រើការបាន
យកទៅកប់ចោលជាមួយនឹងរណ្ដៅសា ក ស ពខ្លួនឯងទៅវិញទាំងដែលការពិតទៅអវយវៈទាំងនោះអាចសង្គ្រោះជីវិតអ្នកដទៃបាន និងអាចយកទៅជួយអ្នកជំងឺផ្សេងទៀតបានយ៉ាងច្រើន។ជាចុងក្រោយលោក ស្កាប៉ា ក៏បានបបួលអ្នកគ្រប់គ្នាឲ្យមកចូលរួមការបរិច្ចាគអវយវៈពេលជិតអស់ជីវិត ដើម្បីរួមចំណែកជួយដល់អ្នកជំងឺទាំងឡាយណាដែលត្រូវការវាជាចាំបាច់។ ជាចុងក្រោយ មនុស្សជាច្រើនបានចាត់ទុកថា គាត់គឺជាបុគ្គលគំរូមួយរូប ដែលគ្រប់គ្នាគួរយកតម្រាប់តាម ព្រោះគ្រាន់តែគំនិតរបស់គាត់តែម្នាក់ អាចជួយឲ្យអ្នកជំងឺជាច្រើនមានឪកាសរស់នៅបន្តទៀត៕
Leave a Reply