ហ្វេសប៊ុក ៖ ប្រិយមិត្តពុកម៉ែបងប្អូនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុក មានអារម្មណ៍ក្ដុកក្ដួល និងសោកស្ដាយយ៉ាងខ្លាំង ក្រោយសំណេរខ្លីមួយ មានខ្លឹមសារបញ្ជាក់ថា រូបគេបានបាត់បង់ភរិយាទាំងវ័យក្មេង និងទើបតែរៀបការជាមួយគ្នាមិនដល់មួយឆ្នាំផង ក៏ត្រូវឃ្លាតឆ្ងាយពីគ្នាជារៀងរហូត ទាំងចិត្តនៅស្រលាញ់។ ក្នុងនោះ គណនីហ្វេសប៊ុកឈ្មោះ Samnang Nob ដែលជាម្ចាស់សំណេរខាងលើ បានរៀបរាប់ភ្ជាប់សេចក្ដីមកថា ៖ «មង្គលការពួកយើងទើបតែបាន ៣៤៣ថ្ងៃប៉ុណ្ណោះ មិននឹងទាន់បានមួយឆ្នាំផង
អូនក៏បានលាបងទាំងទឹកភ្នែក ពាក្យចុងក្រោយរបស់អូនបានប្រាប់បងថា (អរគុណបងដែលមកតាមមើលថែអូន) ដំណក់ទឹកភ្នែកក៏ស្រក់ចុះ។ អនុស្សាវរីយ៍ជាមួយគ្នាមានច្រើនរាប់មិនអស់ អូនបានចាកចេញពីផែនដីនេះទាំងវ័យក្មេង បងមិនចង់ឲ្យអូនទៅទេ អូនមកវិញមកអូនសម្លាញ់។ នាងស្លាប់នៅប្រទេសឥណ្ឌាម៉ោង 8:10នាទី ម៉ោងនៅខ្មែរ 9:40នាទី ថ្ងៃទី៦ ធ្នូ ឆ្នាំ២០២២ សូមអូនទៅអោយបានសុខ»។ ពិធីបុណ្យនេះប្រារព្ធនៅស្រុកកំណើតស្ថិតនៅភូមិព្រៃបាសឹង ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ។ តាមប្រភពពីមិត្តភ័ក្ដិជិតស្និទ្ធប្រាប់ថា
នាងមានជំងឺថ្លើម ទឹកនោមផ្អែម និងលើសឈាម។តួយ៉ាង មិត្តភ័ក្ដិធ្លាប់សិក្សាជាមួយគ្នាកន្លងមក ក៏បានបង្ហាញក្ដីក្រៀមក្រំ អាឡោះអាល័យ ដែលនាងមិនបានមកចូលរួមទទួលសញ្ញាបត្រថា៖ យើងជិតបានទទួលសញ្ញាប័ត្រជាមួយគ្នាហើយ ហេតុអីក៏ប្អូនស្រីទៅចោលពួកយើងបែបនេះ? សល់តែប៉ុន្មានខែទៀតសោះ។ សូមឲ្យប្អូនស្រីទៅបានស្ងប់សុខ ទៅកាន់ទីកន្លែងដែលល្អ។ ជាអតីតនិស្សិតកសិកម្មជំនាន់ទី៣៣ អតីតនិស្សិតក្រុមទី៣៕
Leave a Reply