ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា នាថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២២ នេះ គឺជាថ្ងៃទី២ ហើយ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ព្រមទំាងមានការដឹកហឹបវិញ្ញាសាបេក្ខជនពីសាលារាជធានី ខេត្ត និងសាលាស្រុក ទៅកាន់មណ្ឌលប្រឡងទាំងអស់ដោយគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទ ជំនួយការអប្បមាទ ប្រធាន អនុប្រធានមណ្ឌល រួមជាមួយនឹងមន្ត្រីពាក់ព័ន្ធ ក្រោមការត្រួតពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយនាព្រឹកថ្ងៃអង្គារនេះ។ក្នុងនោះដែរ សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាថ្ងៃទី១ ដំណើរការបានល្អ និងដោយរលូន ហើយមិនមានបាតុភាពមិនប្រក្រតីធំដុំកើតឡើងគួរ ឱ្យកត់សម្គាល់ឡើយដោយសារបេក្ខជនគោរពតាមបទប្បញ្ញត្តិ
ដែលក្រសួងបានដាក់ចេញ ចំណែកមន្ដ្រីអប់រំគ្រប់លំដាប់ថ្នាក់ អនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមកម្រងភារកិច្ច និងសេចក្ដីណែនាំបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា។ចំណែកនៅថ្ងៃទី ២ នេះដែរ គ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញវត្តមានតារាចម្រៀងដ៏ល្បីម្នាក់ គឺ ពេជ្រ ថៃ ក៏បានមកប្រឡងបាក់ឌុបដែរ។ ក្នុងនោះ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការមួយឈ្មោះ Anti-Corruption Unit បានបញ្ជាក់ថា “តារា ពេជ្រ ថៃ
មកប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប ២០២២) នៅមណ្ឌលសាកលវិទ្យាល័យបៀលប្រាយ បាត់ដំបង។ គួររំលឹកបន្តិចផងដែរថា ពេជ្រ ថៃ ជាកូនអ្នកខេត្តបាត់ដំបង ហើយក៏ជាម្ចាស់ពានរង្វាន់ក្នុង កម្មវិធីប្រឡងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia រដូវកាលទី១ កាលនោះ ពេជ្រ ថៃ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ហ្វេនៗ របស់ខ្លួន ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់។
ហើយម្សិលម៉ិញនេះដែរ ពេជ្រ ថៃ បានប្រាប់ហ្វេនៗ ថា “ថ្ងៃទី១ នៃការប្រឡង ត្រូវបានបញ្ចប់ដោយរលូន ត្រៀមៗថ្ងៃស្អែក១ថ្ងៃទៀត គ្នាយើង ជោគជ័យទាំងអស់គ្នា”។ឃើញបែបនេះ គ្រប់គ្នា ចូល comment ទំាងភ្ញាក់ព្រឺតថា ៖ Good luck idolតូច, ជូនពរឲ្យសំណាងល្អ និងប្រឡងជាប់, ជូនពរឲ្យជោគជ័យណាអាយដល, និទ្ទេស A ណា៎ពេជ្រថៃ, ចុម ទី ១២ បាត់, កំលោះតូចសង្ហាណាស់។ ព្រមទំាងនៅមានពាក្យជូនពរ ពេជ្រ ថៃ ជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។
Leave a Reply