ក្តៅៗ! ផលិតកម្ម បារមី ចេញមុខរកយុត្តិធម៌ចំពោះបទបែកធ្លាយ JO+II របស់ វណ្ណដា ហើយ

18

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តពុកម៉ែបងប្អូនជាច្រើនបានជ្រាបដឹងហើយថា បទបែកធ្លាយ «JO+II» របស់ វណ្ណដា នៅតែក្ដៅគគុកដដែលក្នុងបណ្ដាញសង្គមអ៊ិនធើណេត។ តួយ៉ាងកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅផលិតកម្ម បារមី បានបង្ហោះសារ និង សេចក្តីប្រកាសទាំងយប់ពាក់ព័ន្ធនឹងការបែកធ្លាយបទចម្រៀងរបស់តារាចម្រៀងរ៉េប វណ្ណដា ថា ផលិតកម្មស្ងប់ស្ងាត់មួយរយៈពេលនេះ គឺដើម្បីស្វែងរកឯកសារ និង មនុស្សពាក់ព័ន្ធ ព្រមទាំងអ្នកដែលបានចែកចាយបន្តបទចម្រៀងបែកធ្លាយនោះ។ដោយឡែក ក្នុងថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ

កញ្ញា ឡូរ៉ា ម៉ម និង អ្នកស្រី ប៊ុត ធីតា ដែលតំណាងឱ្យផលិតកម្ម បារមី និង លោក វណ្ណដា ផ្ទាល់បានទៅជួបឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ ដែលលោកគឺជាអគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដើម្បីពិភាក្សា និង ណែនាំឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិកម្មសិទ្ធិបញ្ញារបស់សិល្បករ និង ស្នាដៃរបស់សិល្បករនៃផលិតកម្ម បារមី។យ៉ាងណាមិញ បន្ទាប់ពីបានជួបជាមួយឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ រួចមក នារសៀលម៉ោង ៤ ថ្ងៃ ខែឆ្នាំដដែល ហ្វេសប៊ុកផេកផ្លូវការរបស់ផលិតកម្ម បារមី បានបង្ហោះសេចក្ដីប្រកាសមួយដោយភ្ជាប់ជាមួយ Caption និង លិខិតជូនដំណឹងថា ៖

«បារមីសូមអរគុណយ៉ាងជ្រាលជ្រៅទៅកាន់ លោក ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អគ្គនាយកដ្ឋានបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលបានចំណាយពេលវេលាប្រឹក្សា និង ពន្យល់ណែនាំ ពួកយើងឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសិទ្ធិកម្មសិទ្ធិបញ្ញារបស់សិល្បករ និង ស្នាដៃរបស់សិល្បករយើង»។មិនតែប៉ុណ្ណោះ ខាងផលិតកម្ម ក៏បានបន្ថែមផងដែរអំពីមតិមហាជនបានលើកឡើងថា មានតារាចម្រៀងមួយរូបបានរងភាពអយុត្តិធម៌ពីការបែកធ្លាយនៃបទ JO+II របស់ វណ្ណដា ដោយខាង បារមី បានបកស្រាយថា ៖

«បន្ទាប់ពី បារមី បានចេញសេចក្ដីប្រកាសព័ត៌មានជាផ្លូវការកាលពីម្សិលមិញមក ពួកយើងបានសង្កេតឃើញថាមានសាធារណជនមួយចំនួនតូចបានបញ្ចេញមតិថា តារាចម្រៀងម្នាក់ មានការរងនូវភាពអយុត្តិធម៌ទាក់ទងនឹងករណីនេះ។ ពួកយើងដឹងថា ក្នុងករណីនេះ វាជារឿងងាយមែនទែនក្នុងការយកអារម្មណ៍ មនោសញ្ចេតនាមកធ្វើការវិភាគ ប៉ុន្តែយើងសូមធ្វើការអំពាវនាវទៅកាន់មហាជនទាំងអស់គ្នាឱ្យធ្វើការស្វែងយល់ និង ពិចារណា ដោយផ្អែកទៅលើច្បាប់ជាក់លាក់ដែលបានចែងជាធរមានក្នុងព្រះរាជាណាចក្រកម្ពុជា ដែលយើងកំពុងតែទទួលការប្រឹក្សាយោបល់ពីខាង ក្រសួង និង មេធាវីរបស់យើង»៕