ក្រោយភ្ញាក់ដឹងខ្លួនធ្វើការធ្វេសប្រហែសមិនបានល្អ លោក សង្ហា ប្រកាសលែងអភិវឌ្ឍធនធានទៀតហើយដោយសារតែ

18

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តមហាជននិយមតាមដានវិស័យចម្រៀងរ៉េបនៅកម្ពុជា ច្បាស់ជាបានជ្រាបមកហើយថា ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកកំពុងតែផ្ទុះកក្រើកជាថ្មី ក្រោយពីតារាចម្រៀងរ៉េប វណ្ណដា បានប្រកាសថាលោកនឹងបោះចោលរាល់បទចម្រៀងដែលបានបែកធ្លាយដល់ទៅមួយ Folder និង បានបង្ហាញនូវអារម្មណ៍ដ៏សោកស្តាយខ្លាំងណាស់ផងដែរ។ក្នុងនោះ លោក សង្ហា ដែលជាអ្នកនិពន្ធ អ្នកចម្រៀង និង ជាមិត្តដ៏ស្និទ្ធស្នាលបំផុតរបស់ វណ្ណដា ក៏បានបង្ហាញអារម្មណ៍សោកស្តាយខ្លាំង

ដូចគ្នាដែរ នៃការធ្វេសប្រហែស ការជឿជាក់ និង ផ្តល់ឱកាសដល់មនុស្សខុសទើបធ្វើឱ្យចម្រៀងទាំងនោះត្រូវបានបែកធ្លាយឡើង។ដោយឡែក ស្របពេលបញ្ចេញអារម្មណ៍រៀងខ្លួន ពីការបាត់បង់សមិទ្ធផលនៃការប្រឹងប្រែងរួមគ្នានេះដែរ តាមរយៈសាររបស់ លោក សង្ហា ក៏បានបញ្ជាក់ច្បាស់ៗថា លោក និង វណ្ណដា នឹងមិនផ្តល់ឱកាសដល់អ្នកជំនាន់ក្រោយក្នុងការរៀនសូត្រ ឬ យល់ដឹងផ្នែកតន្ត្រីពីអ្នកទាំងពីរទៀតនោះឡើយ។ ជាងនេះទៅទៀត លោក និង វណ្ណដា សុខចិត្តឱ្យគេចាត់ទុកថាជាមនុស្សអាត្មានិយមក៏បាន។ក្នុងនោះ លោក សង្ហា បានលើកឡើងថា៖

«…ខ្ញុំសូមទោស បើសិនជាថ្ងៃក្រោយ ខ្ញុំ និង វណ្ណដា មិនបានផ្ដល់ឱកាសឱ្យមនុស្សជំនាន់ក្រោយ។ អ្នកអាចចាត់ទុកពួកខ្ញុំថាជាមនុស្សអាត្មានិយមបាន ចាប់ពីពេលនេះទៅ គឺយើងសុំតែអភិវឌ្ឍតន្ត្រីបានហើយ! រឿងអភិវឌ្ឍធនធាន គឺសូមចប់ត្រឹមនេះ មិនមែនមកពីអស់ទំនុកចិត្តលើមនុស្សគ្រប់គ្នាទេ គឺពួកខ្ញុំសូមសិទិ្ធការពារផ្លូវចិត្ត ដើម្បីរក្សាបាននូវជំហរឈរដ៏រឹងមាំក្នុងការផលិតស្នាដៃល្អៗ ដើម្បីបំពេញឱ្យបានតាមតម្រូវការ និង ចក្ខុវិស័យរបស់សិល្បៈក្នុងប្រទេសយើងទាំងមូល។ សូមទោស : Baramey Production សូមទោស : អ្នកទាំងអស់គ្នា – ណុំ ចាន់រតនៈ»៕