ភ្នំពេញ ៖ សូមរំលឹកបន្តិចផងដែរថា កាលពីថ្មីៗកន្លងទៅនេះ មហាជនអ្នកគាំទ្ររបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា មានការភ្ញាក់ផ្អើលម្ដងរួចហើយ ខណៈលោកបានទម្លាយឱ្យដឹងថា មានអ្នកក្នុងក្រុមផលិតចម្រៀងរបស់លោកបានធ្វើឱ្យបែកធ្លាយ Folder បទចម្រៀងដែលជាស្នាដៃថ្មីៗរបស់ខ្លួនត្រៀមបញ្ចេញសម្រាប់អ្នកគាំទ្រនោះ។យ៉ាងណាមិញ ក្រោយពីបានទម្លាយរឿងរ៉ាវបែកធ្លាយបទចម្រៀងរបស់ខ្លួន ស្រាប់តែនៅព្រឹកថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ
កំពូលតារាចម្រៀងរ៉េបរូបនេះ កាន់តែបង្កើតការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រទៀត ខណៈលោកបានធ្វើការបង្ហោះសារលើបណ្ដាញសង្គមហ្វេសប៊ុកផេករបស់ខ្លួន ដោយប្រកាសសម្រេចចិត្តបោះចោលរាល់បទចម្រៀងទាំងអស់របស់ខ្លួនដែលបានបែកធ្លាយនោះ។ ក្នុងនោះ លោកថែមទាំងបញ្ជាក់ថា គ្រប់បទចម្រៀងដែលបានបែកធ្លាយ មិនថាអំឡុងពេលនេះ ឬ ថ្ងៃក្រោយនោះទេ គឺលោកនឹងបោះចោលទាំងអស់។ក្នុងនោះដែរ កំពូលតារាចម្រៀងរ៉េប វណ្ណដា បានរៀបរាប់ថា ៖
«ខ្ញុំ វណ្ណដា សូមបោះចោលរាល់បទទាំងអស់ដែលបានបែកធ្លាយក្នុងថ្ងៃនេះ និង នៅពេលខាងមុខ សម្រាប់អ្នកដែលចែកចាយបទបែកធ្លាយរបស់ខ្ញុំទាំង Folder សូមបន្តស្តាប់ទៀតចុះ ព្រោះអ្នកបានបំផ្លាញបេះដូងខ្ញុំរួចរាល់ហើយ»។ ក្រោយឃើញ លោក វណ្ណដា បង្ហោះសារប្រកាសបែបនេះ មហាជនជាពិសេសអ្នកគាំទ្ររបស់លោកកំពុងផ្ទុះការចែករំលែក និង ធ្វើការវែកញែកជុំវិញរឿងរ៉ាវនេះរៀងៗខ្លួនផងដែរ៕
Leave a Reply