ចាក់ដោត! វេជ្ជបណ្ឌិត គួច ម៉េងលី និយាយថា «កុំចូលចិត្តប្រៀបធៀបកូនខ្លួនឯង ទៅនឹងកូនអ្នកដទៃ» ដោយសារតែ (មានវីដេអូ)

185

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនមានកាគាំទ្រយ៉ាងខ្លាំងក្រោយ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តែងប្រមើលមើលឃើញថា អ្នកអាណាព្យាបាលមួយចំនួន ហាក់រមែងបន្ទោសបង្អាប់ដល់បុត្រ​ខ្លួ​ន​ថា ​កូន​ខ្លួន​មិន​ល្អ​នេះ ​មិន​ល្អ​នោះ ​មិនដូចនឹងកូនគេ តែបើកូនធ្វើត្រូវ ឬសម្រេចអ្វីមួយនោះ គឺពុំដែលពោលពាក្យសរសើរ​ម្ដង​ណា​ឡើយ។ ​ការ​បន្តុះ​បង្អាប់​បែប​នេះ ​ជា​ហេតុ​ធ្វើ​ឱ្យ​បុត្រាបុត្រី​ខ្លួន​ឮ​ហើយ​បាក់ទឹកចិត្ត អស់សង្ឃឹម លែងចង់ធ្វើអ្វីទាំងអស់​ ព្រោះ​ខ្លាច​នាំ​មក​នូវ​ផល​អវិជ្ជមាន​ និង​គ្មានកម្លាំង​ចិត្ត​ប្រឹង​​ប្រែង​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​ទាន់​សង្គម​ឡើយ។​យ៉ាងណាមិញ មិ​ន​តែប៉ុណ្ណោះគេអាចគិតថា ខ្លួន​អន់ជាង​អ្នក​ដទៃ​ពិត​មែន​ហើយ​បាន​ជាឪ​ម៉ែ​យើង​និយាយ​បែប​នេះ។​ ដូច្នេះកូនៗនឹងមិនហ៊ានប្រៀបធៀប ឬប្រឡងប្រជែងជាមួយនឹងអ្នក​ដទៃ​ទេ ​ព្រោះ​ពាក្យ​​មួយ​​ម៉ាត់​​នេះ ​បាន​​ចាក់​​ដោត​​ក្នុង​​អារម្មណ៍​​ និង​​បេះដូង​​កូនៗ​​ឱ្យ​​បរាជ័យ​​រួច​​ទៅ​​ហើយ​​ក៏​​អាច​​ថា​​បាន។​​តួយ៉ាង ស្របនឹងទស្សនៈដែលបានលើកឡើងនេះ លោកឧកញ៉ា វេជ្ជបណ្ឌិតបានស្រាយបញ្ជាក់ថា

ជួនកាលមិនមែនមកពី “កូនយើង​មិន​​ដូច​​កូន​​គេ”​​ នោះ​​ទេ ​​តែការ​​ពិត​​គឺ​​​​មក​​ពី ​​“ម៉ែឪ​​យើង​​មិន​​ដូច​​ម៉ែ​ឪ​គេ”។​ មានន័យ​ថា ​ម៉ែឪ​គេ​ចេះ​រៀប​ចំទុក​ដាក់​កូន ​ព្រឹក​ឡើង​ងូត​ទឹក​ឱ្យ​កូន​​ រៀប​ចំ​ប្រដាប់​​ប្រដា​ឱ្យ​កូន​ទៅសា​លា​រៀន ​បញ្ចុក​អាហារ ​ឬរៀប​ចំ​អាហារ​ជា​ប្រចាំ ​​ហើយ​ទ​ម្លា​ប់​ពោល​ពាក្យ​សរសើរ​ ចេះ​ប្រើ​ចិត្តសាស្ត្រ​ផ្ទុយ​ និយាយ​ស្ដី​ល្អៗ​ ចេះ​លើក​ទឹក​ចិត្ត​ តែ​ម៉ែឪ​ឯង​វិញ ​ព្រលឹម​ឡើង​ផឹកស្រា ​បាំងផ្លិត (លេងបៀរ) ប្រើហិង្សា ឈ្លោះទាល់ទែងគ្នា ជេរ​ប្រទេច​គ្នា ​និង​ប្រើ​ពាក្យ​អសុរោះ​មក​លើ​កូន​ជាដើម។​លើសពីនេះ ការលើកឡើងដោយអ្នកជំនាញផ្នែកអប់រំ ចិត្តសាស្ត្រ វេជ្ជសាស្ត្រ និងជំនាញអាជីវកម្មដ៏ឆ្នើមរូបនេះ ​ទំនង​ជា​លោក​ចង់​ដាស់​តឿន​ដល់​ឪពុក​ម្ដាយ​ដែល​ធ្លាប់​លើក​ឡើង​ថា ​កូន​ខ្លួន​មិន​ល្អ​ដូច​នឹង​កូន​គេ​ឱ្យ​បោះបង់​គំនិត​បែប​នេះចោ​ល​ ហើយ​ងាក​មក​គិត​ពី​ចំណុច​វិជ្ជមាន​ចំពោះ​កូន​ឡើង​វិញ​ និង​ស្វះ​ស្វែង​រិះរក​ចំណុច​ខ្សោយ​របស់​កូន​ ដើម្បី​បំពេញបន្ថែម ហើយកែប្រែ អប់រំ ណែនាំ ព្រមទាំងបង្កើនការពោលពាក្យ​សរសើរ ​និង​ផ្ដល់​រង្វាន់​ជាការ​លើក​ទឹក​ចិត្ត​ជាដើម

ព្រោះ​ថា​មនុស្ស​លោក​យើង​នេះ ​មិន​ថាឡើ​យ​តែ​កុមារ ឬមនុស្សធំ ឬក៏មនុស្ស​ចំណាស់​នោះ​ទេដោយឡែក ​ស្ទើរ​តែ​ទាំង​អស់​ទៅ​ហើយ ​រមែង​ត្រូវ​ការ​ពាក្យ​សរសើរ ការលើកទឹកចិត្ត និងភាពកក់ក្ដៅជារឿយៗពីអ្នកនៅក្បែរខ្លួនជានិច្ច។ តែបើអ្នកនៅជុំវិញ​ខ្លួន​ ឬ​អាណាព្យាបាល​នោះ ​មិន​ខ្វាយ​ខ្វល់​ពី​កូន ​គ្មាន​ការ​សរសើរ​ បែរ​ជា​បង្កើន​ការ​ស្ដី​បន្ទោសទៅវិញ នោះមិនអាចធ្វើឱ្យជីវិតគេស្រស់​បំព្រង​ និង​រីក​ចម្រើន​បាន​ឡើយ ​ហើយ​ប្រាកដ​ណាស់ ​កូនៗ​នឹង​តប​វិញថា​ “ម៉ែឪ​យើង​មិន​ដូចម៉ែ​ឪគេ”​ ជាក់​ជា​មិន​ខាន។​ទន្ទឹមនឹងនេះ ទស្សនៈដ៏មានខ្លឹមសារនេះ លោកឧកញ៉ា វេជ្ជបណ្ឌិត ក៏ប្រហែលចង់បញ្ជ្រាបបន្ថែមនូវអត្ថន័យទាំងនោះ ដល់ឪពុក​ម្ដាយ​ដែល​មាន​គំនិត​បែប​នេះ​ផង​ដែរ​ថា ​មុន​នឹង​និយាយ​ប្រាប់​គេ​ឯង​ថា ​កូន​ខ្លួន​មិន​ល្អ​ដូច​នឹង​កូន​អ្នក​នេះ​អ្នក​នោះ ​ត្រូវ​ឆ្លុះ​កញ្ចក់​មើលខ្លួន​ឯង​ជា​មុន​សិន​ថា ​បើ​កូនគេ​ល្អ​ជាង​កូន​យើង​ តើ​ម៉ែឪ​គេ​ជាម​នុស្ស​ប្រភេទ​ណា?

ចំណែក​ខ្លួន​ឯង​វិញ​ជា​ម្ដាយ​ឪពុក​បែប​ណាដែ​រ? បើប្រៀបធៀបគ្នា ច្បាស់ណាស់នឹងឃើញ​ថា ​ឪពុក​ម្ដាយ​គេជា​អ្នក​យក​ចិត្ត​ដាក់​នឹង​កូន ​ចេះណែនាំ អប់រំ ចេះលើកទឹកចិត្ត ចេះខ្វាយខ្វល់ ផ្ដល់ភាពកក់ក្ដៅ ​និង​ចេះ​ពោល​ពាក្យ​សរសើរ​ជាដើម។ផ្ទុយ​ស្រឡះ​ពី​ខ្លួន​ត្រង់​ថា ​ព្រឹក​ឡើង​ប្ដី​ប្រពន្ធ​ឈ្លោះ​ទាល់​ទែង​គ្នា​ ប្រើហិង្សា គិតតែពីរកស៊ីភ្លេចកូនចៅ លេង​ល្បែងភ្លេចប្ដី​ប្រពន្ធកូ​ន និង​មិន​ខ្វាយ​ខ្វល់​ពី​កូនៗ​ ហើយ​គិត​តែ​ពី​បន្ទោស​ជេរ​ប្រទេច​ ឬនិយាយមិនល្អពីកូនខ្លួនទៅវិញ។ ដូច្នេះ បើឪពុកម្ដាយនិយាយ​ថា ​កូនខ្លួន​មិន​ល្អ​ដូច​កូន​គេ ​នោះ​ប្រាកដ​ណាស់ ​កូន​នោះ​នឹង​អាក្រក់​ដូច​នឹង​សម្ដី​មែន​ ព្រោះ​គេ​បាន​បាក់ទឹ​ក​ចិត្ត​ ហើយគេនឹងធ្លាក់​ខ្លួន​ដូច​នឹង​អ្វី​ដែល​ឪពុក​ម្ដាយ​បាន​លើក​ឡើង​អ៊ីចឹង។​ ផ្ទុយ​ទៅ​វិញ ​បើ​អាណាព្យាបាល​នោះ ​ចេះ​ពោល​ពាក្យ​សរសើរ ​លើក​ទឹក​ចិត្ត ​និង​ផ្ដល់​ភាព​កក់​ក្ដៅ ​ប្រាកដ​ណាស់​គេ​នឹង​សប្បាយ​ចិត្ត​ ហើយ​ប្រឹង​ប្រែង​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយ​ជាកូន​ល្អ ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម​ ហើយ​តែង​តែ​ជោគជ័យ​នៅ​ក្នុង​ឆាក​ជីវិត​របស់​ពួកគេទៀតផង៕ប្រភព៖ MJQTV