ទឹកចិត្តឪពុក! លោក សុង សុវណ្ណារ៉ា ក្នុងថ្ងៃខួបកំណើតកូនស្រីពៅ បានជូនកាដូរយ៉ាងពិសេសទៅកាន់ អ៊ែលលី ថា

39

ភ្នំពេញ ៖ ជឿជាក់ប្រិយមិត្តភាគច្រើនបានជ្រាបហើយពីសុភមង្គលក្នុងរង្វង់គ្រួសាររបស់អតីតតារាកំប្លែង អ្នកនាង ផន សុផារី និង ស្វាមីគឺលោក សុង សុវណ្ណារ៉ា ជាពិសេសក្រោយពួកគេទទួលបានតំណក់ឈាមកូនស្រីទាំង ២ ជីវិតគ្រួសារកាន់តែពេញបរិបូរ ក្លាយជាគ្រួសារតូចដែលមានក្ដីសុខគួរឱ្យកោតសរសើរ។ដោយឡែក បច្ចុប្បន្នគ្រួសារអតីតតារាកំប្លែងស្រីខាងលើ ត្រូវបានមហាជនចាប់អារម្មណ៍កាន់តែខ្លាំង ក្រោយអ្នកនាងសម្រាលបានកូនស្រី ២ នាក់មានមុខមាត់គួរឱ្យក្នាញ់ឈ្មោះជា ប៊ែលឡា និង អ៊ែលលី

ជាពិសេសកូនស្រីពៅរបស់ពួកគេទាំងពីរកំពុងត្រូវបានមហាជនជាច្រើនក្នក់ក្នាញ់ជាមួយមុខមាត់ដ៏ឃ្យូត និង ភាពក្រមិចក្រមើមរបស់នាងតូច អ៊ែលលី តែម្ដង។និយាយដល់កូនស្រីទី២ របស់អ្នកនាង ផន សុផារី នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២២ នាងតូច វណ្ណារ៉ា រីអ៊ែលលី មានអាយុ ២ ឆ្នាំហើយ ដោយនៅថ្ងៃខួបកំណើតនេះ ប្ដីប្រពន្ធអ្នកទាំងពីរបាននាំកូនស្រីទាំង ២ ទៅចែករំលែកក្ដីស្រឡាញ់ជាមួយក្មេងៗតូចៗដែលខ្វះខាតនៅឯសាលារៀនមួយកន្លែង

ដែលបង្ហាញពីទង្វើដ៏គំរូល្អមួយសម្រាប់កូនៗឱ្យមានវប្បធម៌ចែករំលែកតាំងពីតូច។យ៉ាងណាមិញ ងាកមកលោក សុង សុវណ្ណារ៉ា ដែលជាលោកប៉ារបស់នាងតូចទាំង ២ ខាងលើវិញ នៅថ្ងៃខួបកំណើតកូនស្រីបណ្ដូលចិត្ត អ៊ែលលី លោកបានបង្ហោះសារជូនពរនាងតូចប្រកបដោយក្ដីស្រឡាញ់ចេញពីបេះដូងជាឪពុកយ៉ាងមានន័យថា ៖ «រីករាយថ្ងៃកំណើតកូនស្រីប៉ា ប៉ាជូនពរកូនសុខភាពល្អ សំណាងល្អជារៀងរហូត។ ក្តីស្រឡាញ់ពិតមានតែកូនៗ»៕